ភ្នំពេញ: ក្រោយពីទម្លាយមហាកំផែងពីតំណែងសម្តែងភាពយន្ដត្រឹមតួរងអស់ច្រើនឆ្នាំ ម្ដងនេះក្ដាប់បានឱកាសដើរតួឯកដំបូងរឿងដុំ «ខ្មោចប្រពន្ធស្តេចប្រដាល់» ដែលមានឈុតរំលោភ មិនចាញ់កុនបរទេសនោះ ស្រីស្រស់កំពុងរីកប្រជាប្រិយក្រោមដំបូលប៉ុស្ដិ៍ទូរទស្សន៍ស៊ីធីអិន កញ្ញា គង់ វង្សយ៉ាទី ក៏បន្ទរឡើងថា ពីពេលនេះឲ្យតែឲ្យថ្លៃដល់ បើសូម្បីសម្តែងថតសិចស៊ីកម្រិតណាក៏នាងស្វាគមន៍បានដែរ មិនឲ្យចាញ់តារាសម្ដែង ឌុច លីដា ទេ។
ពីភាពក្លាហាន ហ៊ានចំណាយរូបសម្ផស្ស ជាចំណីភ្នែកមហាជនពីឈុតសម្តែងដោះសម្លៀកបំពាក់នៅមុខតួប្រុសឃើញននលគកក្នុងភាព យន្ដរឿង «ស្បែកគង់» កញ្ញា ឌុច លីដា ត្រូវបានមហាជនទទួលស្គាល់ប្រជាប្រិយភាពនាងស្ទុះអណ្តែតឡើង កាន់តែខ្លាំងមួយប៉ប្រិចភ្នែក ក្នុងឆ្នាំ ២០១៥ ដាច់អស់តារាសម្តែងស្រីរួមជំនាន់។
មើលឃើញពីឱកាសបង្ហាញសម្ផស្សប្តូរបានប្រជាប្រិយភាពឆាប់នោះ ក៏មានតារាស្រីជាច្រើនដួង តែងបង្ហាញជំហរដើរលើដាន កញ្ញា ឌុច លីដា សម្តែងក្នុងរឿង «ស្បែកគង់»។
ជំហរត្រសងត្រាប់តាមគ្នីគ្នាដូចហ្វូងត្រីស៊ីសមនេះ កញ្ញា គង់ វង្សយ៉ាទី ដែលទើបទាញបានតំណែងតួឯកដំបូងជាមួយឈុតសម្តែងរំលោភដ៏កក្រើកពេញផ្ទៃរឿងក្នុងរឿង «ខ្មោចប្រពន្ធស្តេចប្រដាល់» ក៏បង្ហាញចេតនាប្រើឈុតស្លៀកខ្យល់ដណ្ដប់មេឃ ឲ្យល្បីខ្លាំងដូចកញ្ញា ឌុច លីដា ផងដែរ។
តារាសម្ដែង និងពិធីការិនីស្រីរូបនេះបានព្រលយសម្ដីដ៏ភ្ញាក់ផ្អើលថា ដើម្បីភាពល្បីល្បាញបន្ថែមពីលើនេះ និងតម្រូវចិត្ដអ្នកដឹកនាំសម្ដែង នាងអាចថតឈុតស្រើបស្រាល ឬឈុតស្រាតក៏បានដែរ។
ទោះជាយ៉ាងណាក្ដី ស្រីស្រស់រមែងល្បីរឿងមានមន្ដស្នេហ៍កន្លង់ចោមទាំងក្នុង និងក្រៅស្រុក ហើយមានទាំងអ្នកខ្លះជិះយន្ដហោះពីដែនកោះអូស្រ្តាលីតាមសុំស្នេហ៍ដល់ក្នុងផ្ទះនៅចំពោះមុខម្តាយ កញ្ញា គង់ វង្សយ៉ាទី បានទទូចហ៊ានសម្ដែងសិចស៊ីខ្លាំងបែបនេះចំពោះភាពយន្ដណាដែលនាងសម្ដែងទទួលបានការគាំទ្រខ្លាំងប៉ុណ្ណោះ។
នាងក៏បានបញ្ជាក់ទៀតថា៖ «ភាពយន្ដល្មមៗមិនថតទេ ចំណាយបែបហ្នឹង ទាល់តែជាភាពយន្ដធំចាក់បញ្ចាំងទៅវាផ្ទុះ ហើយតម្លៃខ្លួនក៏ត្រូវសមស្របដែលខ្ញុំអាចទទួលយកបានដែរ ទើបហ៊ានប្រថុយ»។ក្នុងជំហរជាតារាសម្តែង ដែលនាងប្រៀបធៀបថា ត្រូវធ្វើដូចជ្រូកមិនរាទឹកក្តៅនោះ កញ្ញា គង់ វង្សយ៉ាទី ក៏បានលើកឡើងដែរថា ត្រូវចេះគ្រប់ទម្រង់សម្តែងមិនថា សុភាពរាបសាកាចឆ្នាស សិចស៊ី ផង។
កញ្ញា គង់ វង្សយ៉ាទី ក៏បានបញ្ជាក់ទៀតថា៖ «បើមានរឿងក្រោយ ជារឿងធំ មានឈុតដោះអាវដូច ឌុច លីដា ហើយរឿងនេះ អាចជួយឲ្យភាពយន្តខ្មែររីកចម្រើន និងយកទៅក្រៅប្រទេស អាហ្នឹងខ្ញុំនឹងពិចារណាភ្លាម»។
ប៉ុន្តែពិធីការិនី និងតារាសម្ដែងស្រីដែលប្រកាសបដិសេធទទួលយកម្ចាស់បេះដូងព្រោះចង់លើកអាជីពសិល្បៈឲ្យរះខ្ពស់ត្រដែតនោះ នាងបានបន្ថែមថា៖ «រឿងបែបហ្នឹងទាល់តែតម្លៃខ្លួនខ្ពស់ ព្រោះខ្ញុំជាស្រីខ្មែរ ត្រូវគិតពីកិត្តិយសកេរ្តិ៍ឈ្មោះជាខ្មែរដែរ មិនមែនចង់តែល្បី ចង់បានតែលុយភ្លេចកំណើតខ្មែរទេ»៕
No comments:
Post a Comment